បងធំជួញដូរគ្រឿងញៀន នៅតំបន់រោងចក្រឆ្នាំងនិងរ៉ារថភ្លើងរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅតុលាការ!

38

 

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបញ្ជូនមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ប្រចាំតំបន់ រ៉ារថភ្លើង និងរោងចក្រឆ្នាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមជាមួយបក្ខពួក០៤នាក់ផ្សេងទៀត ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមច្បាប់។

មុនពេលឈានដល់ការឃាត់ខ្លួនមេក្លោងម្នាក់នេះ ដំបូងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញរួមជាមួយកម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមដានករណីចរាចរគ្រឿងញៀន នៅតំបន់រោងចក្រឆ្នាំងនិងរ៉ារថភ្លើងរាជធានីភ្នំពេញ រហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបាន០៤នាក់និងដកហូតថ្នាំញៀនបាន២០៣កញ្ចប់ ដោយមានការចូលរួមពីគណបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញផងដែរ។

         

បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្វែងរកមេក្លោងឈ្មោះ អែម អន ហៅអាឆេះ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបស្រាវជ្រាវឃាត់ខ្លួនបាននៅចំណុច ផ្ទះគ្មានលេខ ស្ថិតក្នុងភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ តាមការចង្អុលបង្ហាញរបស់បក្ខពួកវា ឈ្មោះ អែម អន ហៅអាឆេះនេះ គឺជាមេក្លោងធំដែលប៉ាវផ្តាច់ការជួញដូរនិងចរាចរគ្រឿងញៀន ក្នុងតំបន់រ៉ារថភ្លើង និងរោងចក្រឆ្នាំងទាំងមូល និងជាមុខសញ្ញាចាស់ដែលមានដីកាចាប់ខ្លួន-ឃុំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ជាប់ចោទពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចមុខក្លឹបនាគមាស ក្រុមទី០៤ ផ្លូវជាតិ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ដោយផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ។ ក្រោយពេលចាប់ខ្លួនឈ្មោះអែម អន ហៅអាឆេះបាន សកម្មភាពចរាចរគ្រឿងញៀននៅតំបន់រោងចក្រឆ្នាំង និងរ៉ារថភ្លើង ហាក់មានសភាពស្ងប់ស្ងាត់គួរឲ្យកត់សំគាល់។


ការតាមចាប់ខ្លួនមេក្លោងគ្រឿងញៀនគឺមិនមែនជាការងាយស្រួលនោះទេ ព្រោះថាពួកនេះគឺមានល្បិចច្រើនក្នុងការបង្វែងដាននិងគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅមេត្តាជួយសហការនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីជាប្រយោជន៍ក្នុងការបោសសំអាតពួកឧក្រិដ្ឋជនទាំងនេះ។