ឆក់កាបូបក៏ជាប់គុក លួចកាត់ខ្សែ.ក ក៏ជាប់គុក!

14

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសដាក់ពន្ធនាគារពាក់ព័ន្ធករណីឆក់កាបូប០១នាក់ និងលួចកាត់ខ្សែ.ក ០២នាក់។
ជនសង្ស័យទាំង០៣នាក់នោះរួមមាន៖
១.ឈ្មោះ ប៊ូ ថេនសិរីនាថ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌដូនឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ ២០និង០០នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៧៨ កែងផ្លូវ១៩ ជាប់សាលារចនា សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈពេលដែលរូបគេនិងបក្ខពួកបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីជនបរទេសម្នាក់ ឈ្មោះ PRAK RITI តែបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
២.ឈ្មោះ កង ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ និង ៣.ឈ្មោះ សឿង សុភក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ ដែលទាំងពីរនាក់នេះ ត្រូវបានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោងប្រមាណ២០និង៥០ យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចកាត់ខ្សែ.ក ក្មេងស្រីម្នាក់ ក្នុងបរិវេណប្រារព្ធពិធីផលិតផលផ្សេងៗនៅបុរីរុងរឿង ស្ថិតក្នុងភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០២នាក់បានសារភាពបន្ថែមថា កន្លងមកពួកគេ ក៏ធ្លាប់បានធ្វើសកម្មភាពលូកហោប៉ៅលួចយកលុយ ទូរស័ព្ទ និងកាត់ខ្សែ.ក ពីប្រជាពលរដ្ឋនៅតាមកន្លែង ប្រគុំតន្ត្រីផ្សេងៗ បានចំនួន០៧ដងរួចមកហើយផងដែរ ទើបតែលើកនេះត្រូវអស់លក្ខណ៍ក្រោមដៃអាវុធហត្ថតែម្តង។
ក្រោយពេលដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវប្រមូលផ្តុំភស្តុតាង និងធ្វើកំណត់ហេតុ សាកសួរតាមវិធានការណ៍ជំនាញរួចមក ក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង០៣នាក់ខាងលើ ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ និងបានបញ្ជូនជនសង្ស័យទៅកាន់ពន្ធធនាគារតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន របស់ចៅក្រមស៊ើបសួរផងដែរ៕