ចោរប្លន់ Vs កម្លាំងល្បាត!

13

ភ្នំពេញ ៖ ជារៀងរាល់យប់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងខណ្ឌទាំង១២ មិនតិចជាង១៥០នាក់ បានចេញល្បាតទល់ៗភ្លឺ នៅលើដងផ្លូវ និង ភូមិសាស្ត្រស្មុគ្រស្មាញមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ហើយកម្លាំងល្បាតទាំងនេះ ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៃរាជធានីភ្នំពេញ ដែលធ្វើដំណើរលេងកម្សាន្ត និងសម្រាកសម្រាន្តនៅក្នុងផ្ទះនាពេលរាត្រី មិនតិចជាង១.៥លាននាក់ផងដែរ។ ជាញឹកញាប់ កម្លាំងល្បាតពេលយប់របស់អាវុធហត្ថរាជធានីភ្នំពេញ តែងបានចូលរួម បង្ក្រាបទាន់ពេលវេលា ទាំងបទល្មើសចោរឆក់ ចោរប្លន់ បទល្មើសគ្រឿងញៀន និងបទល្មើសជាច្រើនទៀត។

ជាក់ស្តែងដូចជាក្រុមចោរប្លន់០៥នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ ទើបតែបញ្ជូនចូលពន្ធនាគារ នាព្រឹកមិញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ គឺត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ បង្ក្រាបជាក់ស្តែង ក្នុងអំឡុង អាធ្រាត ម៉ោង០២ និង០០នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបុរីសែនមនោរម្យ ផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

នៅវេលាយប់កើតហេតុ មានជនរងគ្រោះ០២នាក់ ឈ្មោះ ឌឹម សុខឌីម ភេទប្រុស និង មិត្តភក្តិឈ្មោះ ទុយ វណ្ណី ភេទស្រី បានធ្វើដំណើរពីកន្លែងកំសាន្តនៅកោះពេជ្រឆ្ពោះទៅ បន្ទប់ជួលនៅចោមចៅ ស្រាប់តែដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវក្រុមស្ទាវមួយក្រុម មានគ្នាជិត២០នាក់ បានស្ទាក់វាយជនរងគ្រោះ និងចាប់ជនរងគ្រោះ ក្រៀកបោះចេញពីម៉ូតូ ហើយក៏ប្លន់យកម៉ូតូជិះគេចខ្លួនអស់ តែភ្លាមៗនោះ ក៏ត្រូវបានកម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានទៅដល់កន្លែងកើតហេតុទាន់ពេលវេលា ក៏ជួយអន្តរាគមន៍ ជួយជនរងគ្រោះ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ដកហូតបានម៉ូតូមួយគ្រឿង និងបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ០៤បន្ថែមទៀតជាបន្តបន្ទាប់ និងរឹបអូសបានម៉ូតូ០៥គ្រឿង រួមទាំងម៉ូតូដែលពួកចោរទាំងនេះ ប្លន់ពីជនរងគ្រោះមួយផងដែរ បានប្រគល់ជូនម្ចាស់ដើមវិញ។
សង្ស័យទាំង០៥នាក់ដែលសមត្ថកិច្ចអាវុហត្ថរាជធានីភ្នំពេញឃាត់បានគឺ៖
១.ឈ្មោះ រី ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់
២.ឈ្មោះ ផែង ណារ៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ
៣.ឈ្មោះ ថា ចាន់ត្រា ហៅ ជ្រូក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ លក់ដូរ
៤.ឈ្មោះ ម៉ាច មករា ហៅ ហុក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត
៥.ឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ

ចំណែកឯជនសង្ស័យផ្សេងទៀតដែលបានគេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕