រាជធានីភ្នំពេញ ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង ០២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ។ ចោរឆក់ទាំងពីរនាក់នោះរួមមាន ឈ្មោះ ស៊ិន ស៊ីអិក ភេទប្រុស អាយុ ១៦ឆ្នាំ និង ឈ្មោះ សាទ ចាន់ដារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្ក្រាបនិងឃាត់ខ្លួនបានកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៧:១៥នាទី ខណៈដែលចោរឆក់ទាំងពីរនាក់នេះ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone7 Plus ពណ៍ផ្កាឈូក របស់ជនរងគ្រោះឈ្មោះ ពេជ្រ ចាន់ណារី ភេទស្រី អាយុ ៣៦ឆ្នាំ ដែលបានដាក់ទូរស័ព្ទដែរបស់ខ្លួនក្នុងថតម៉ូតូខាងមុខ និងជិះ នៅលើបណ្តោយផ្លូវមុនីរ៉េត ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុ ពួកគេបាន ជិះម៉ូតូចេញពីម្តុំស្តុបទេពផន ខណ្ឌទួលគោក ក្រវ៉ែលតាមផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ លុះពួកខ្លួនជិះដល់ចំណុចមុខវត្តស្ទឹងមានជ័យ ក៏បានប្រទះឃើញជនរងគ្រោះ ខាងលើ កំពុងជិះម៉ូតូម្នាក់ឯង និងមានទូរស័ព្ទនៅក្នុងថតម៉ូតូខាងមុខ ឃើញឳកាសល្អ ពួកខ្លួនបានជិះម៉ូតូទៅក្បែរជនរងគ្រោះក៏ធ្វើសកម្មភាពឆក់តែម្តង តែជាសំណាងមិនល្អ ស្រាប់តែជនរងគ្រោះបានស្រែកឆោរឡោ ស្របពេលដែលសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ កំពុងល្បាតក្នុងភូមិសាស្រ្តឃើញសកម្មភាពរបស់ពួកគេ ក៏ស្ទាក់ពីមុខផ្លូវដែលពួកគេបំរ៉ុងរត់គេចខ្លួន ហើយបានឃាត់ខ្លួនពួកគេទាំង ០២នាក់នេះតែម្តង៕