ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

41

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២១០នាក់ ដែលប្រព្រឹត្តទៅនៅក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឲ្យអង្គភាពកងរាជ អាវុធហត្ថ ក្លាយជាស្ថាប័ន ការពារនិងអនុវត្តច្បាប់ ប្រកបដោយវិន័យសណ្តាប់ធ្នាប់ សីលធម៌ គុណធម៌ និងការគោរពសិទ្ធិមនុស្ស ទទួលបានការកោតសរសើរនិងគាំទ្រ ពីប្រជាជន មហាជន ជាពិសេសការជឿជាក់ពីថ្នាក់ដឹកនាំ ទូទាំងប្រទេស។ ហើយជោគជ័យដ៏ត្រចេះត្រចង់ទាំងនេះ គឺពិតជាមិនអាចខ្វះបាន នូវការរួបរួមសាមគ្គី និងឆន្ទៈនៃការលះបង់ របស់អាវុធហត្ថយើងម្នាក់ៗ បានឡើយ។

ដោយឡែកចំពោះ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ ខ្លួននិងគ្រួសារ បំពេញការងារទាំងយប់ទាំងថ្ងៃ ទាំងការកសាងអង្គភាព, ការបង្កា ទប់ស្កាត់ បង្ក្រាប រាល់បទល្មើស, ការចូលរួម ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំក៏ដូចជាប្រតិភូជាតិអន្តរជាតិ, ការការពារសន្តិសុខសណ្តាប់ធ្នាប់គ្រប់ កម្មវិធីបុណ្យជាតិ សាសនា, ការជួយយកអាសារប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់លើដងផ្លូវ ដោយការសង្គ្រោះបឋម, ការជួយសម្រួល ចរាចរណ៍នៅកន្លែងកកស្ទះ, ការជួយដឹកដៃសិស្សតូចៗឆ្លងផ្លូវទាំងម៉ោងចូលនិងចេញពីសាលា, ការល្បាតពេលយប់ រក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និង ការចូលរួមចលនា អនាម័យបរិស្ថាន គ្រប់ទីកន្លែងដែលអាវុធហត្ថឈរជើង រហូតទទួលបាន ការស្រឡាញ់ ជឿជាក់ គាំទ្រ កោតសរសើរ ពីស្រទាប់ ប្រជាជន មហាជន ព្រមទាំងទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ជាក់ស្តែងដូចការផ្តល់កិត្តិយសតម្លើងឋានន្តរសក្តិ ក្នុងថ្ងៃនេះជាដើម។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានគូសបញ្ជាក់បន្ថែមថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានកិត្តិយស តម្លើងឋានន្តរស័ក្តិនិងផ្លាស់ប្តូរមុខងារថ្មី ក្នុងដើមឆ្នាំ២០១៨នេះ សរុបមានចំនួន ៤២៣នាក់ តែនៅថ្ងៃនេះ យើងធ្វើពិធីបំពាក់ត្រឹមតែ ចំនួន២១០នាក់សិន នៅសល់២១៣នាក់ទៀត យើងនឹងធ្វើពិធីបំពាក់ជូនបន្ថែម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។

ព្រមជាមួយគ្នានោះផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលឹកថា នៅក្នុងខែមេសា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន បានប្រកាសដំឡើងប្រាក់បៀវត្សជូនបងប្អូនបន្ថែមទៀតគ្រប់ៗគ្នា ដែលជាកត្តាធ្វើឲ្យជីវភាពយើងម្នាក់ៗ កាន់តែប្រសើរឡើង តែបងប្អូនក៏ត្រូវចេះត្រេះរិះពិចារណា ក្នុងការសន្សំសំចៃ និងចេះ រៀបចំផែនការសេដ្ឋកិច្ចគ្រួសារ ឲ្យបានត្រឹមត្រូវ ដើម្បីជៀសឲ្យផុតពីហានិភ័យសេដ្ឋកិច្ចក្នុងគ្រួសារ និងចេះថែរក្សាសុខភាពខ្លួនឯងនិងក្រុមគ្រួសារឲ្យបានល្អផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមបន្ត ឆន្ទៈលះបង់ស្មោះត្រង់ទាំងនេះ បម្រើជាតិសាសនា ព្រះមហាក្សត្រ ទុកខ្លួនជាអ្នកបម្រើរាស្ត្រគ្រប់ពេលវេលា ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើ យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឲ្យបានម៉ឹងម៉ាត់ ជាពិសេសត្រូវប្តូរផ្តាច់ ក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅគង់វង្ស រីកចម្រើនតទៅមុខជានិរន្តរ៍ និង ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌កើតឡើងជាដាច់ខាត។

ជាចុងបញ្ចប់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង២១០នាក់ ប្រកបដោយបរិយាកាស អ៊ឹកធឹក រីករាយគ្រប់ៗគ្នា៕