អាវុធហត្ថរាជធានីភ្នំពេញ រីករាយបម្រើពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ!

14

រាជធានីភ្នំពេញ ៖ ខណៈពេលដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ មមាញឹកក្នុងការយកចិត្តទុកដាក់រក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមទីវត្តអារាម និងតាមរមណីយដ្ឋានកំសាន្តផ្សេងៗ នាឱកាសកាន់បិណ្ឌដែលជាប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកទឹកដោះគោបឺតចំនួន២,០០០កេស ដែលជាអំណោយរបស់សប្បុរសជន មកចែកជូនដល់កម្លាំងអាវុធហត្ថភ្នំពេញទាំងអស់ក្នុងម្នាក់ទទួលបានម្នាក់០១កេសស្មើៗគ្នា។ មុនពេលចែកទឹកដោះគោបឺតទាំង២០០០កេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឆ្លៀតឱកាសប្រជុំណែនាំបន្ថែម ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ឲ្យបង្កើនការយកចិត្តដាក់បំពេញការងារ ប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ចាប់ពីពេលកាន់បិណ្ឌរហូតដល់ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានចូលរួម ប្រារព្ធពិធីបុណ្យសាសនាមួយនេះ ប្រកបដោយភាពរលូននិងសប្បាយរីករាយ ហើយជាពិសេសកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវដាក់ចិត្តដាក់កាយលះបង់ពេលវេលាផ្ទាល់ខ្លួននិងគ្រួសារ ចូលរួម បំរើការពារពលរដ្ឋដោយស្ម័គ្រស្មោះក្នុងអំឡុងពេលនេះ ដោយមិនអនុញ្ញាតច្បាប់ឲ្យឈប់សម្រាកជាដាច់ខាត។

ឆ្លើយតបទៅនឹងអនុសាសន៍ណែនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ បានសម្តែងទឹកចិត្តប្តូរផ្តាច់ ក្នុងការចូលរួមសហការ ជាមួយអជ្ញាធរមូលដ្ឋាន និង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ក្នុងការបម្រើប្រជាពលរដ្ឋ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនពួកគាត់ ដោយក្តីរីករាយបំផុត៕