ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចេញប្រតិបត្តិការ ចែកម៉ាសក្រណាត់ ចំនួន ២ម៉ឺនម៉ាស ដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូនចំនួន ២លាន តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋតាមគោលដៅមួយចំនួន ដោយក្នុងម្នាក់ៗ ទទួលបាន ម៉ាសចំនួន០២ សម្រាប់ធ្វើការផ្លាស់ប្តូរគ្នា ព្រោះម៉ាសនេះមានប្រសិទ្ធភាពអាចប្រើប្រាស់បានច្រើនដង ដោយបោកទឹកហាលថ្ងៃយកមកប្រើប្រាស់វិញបាន។ ប្រជាពលរដ្ឋដែលអាវុធហត្ថរាជធានីភ្នំពេញ ចេញចែកម៉ាសជូនរួមមាន : អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប , ម៉ូតូកង់បី , កម្មករសំណង់ , អ្នកបោសសម្អាតតាមផ្លូវ , អ្នកលក់ដូរតាមកញ្ច្រែង , ប្រជាពលរដ្ឋដែលអង្គុយរង់ចាំនៅបរិវេណមុខមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យផ្សេងៗ អ្នកហាត់ប្រាណតាមទីសាធារណៈ និងអ្នកបើកបរ ម៉ូតូ កង់ តាមដងផ្លូវ…។ល។ ដោយប្រើប្រាស់មធ្យោបាយ ម៉ូតូកង់បីចំនួន១២គ្រឿង ចល័តតាមគោលដៅ តាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។សកម្មភាពចែក ម៉ាសដល់ប្រជាពលរដ្ឋ នាពេលនេះ ធ្វើឡើងបន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាសនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យបញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស ចេញពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និង បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់។ដោយឡែកក្រៅពីការចែកម៉ាស អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចងក្រងការណែនាំ អំពីវិធីប្រើប្រាស់ម៉ាស និងធ្វើការ សង្ខេបនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ធ្វើការផ្សព្វផ្សាយ រំលឹកដល់សាធារណៈជន តាមរយៈ ឧគ្ឃោសនសព្ទ ដែលបំពាក់នៅលើម៉ូតូកង់បី ទាំង១២គ្រឿងផងដែរ៕
Home ប្រតិបត្តិការ ការងារបង្កា អាវុធហត្ថភ្នំពេញ ចេញប្រតិបត្តិការចែក ម៉ាសក្រណាត់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ!