រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយនូវ អនុសាសន៍១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី អបអរសាទរខួប ២០ឆ្នាំ នៃថ្ងៃកំណើតកងទ័ពជើងគោក ថ្ងៃទី២៤ ខែមករា ឆ្នាំ២១០៩ ជូនដល់នាយទាហាន កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ បានយល់ជ្រួតជ្រាប ដើម្បីយកទៅអនុវត្តនិងផ្សព្វផ្សាយបន្ត ព្រមទាំងបាន ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ដែលនឹងឈាន មកដល់ក្នុងពេលខាងមុខនេះ។
ក្នុងឱកាសប្រជុំនាពេលនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឆ្លៀតឱកាស ដាស់តឿនក្រើនរំលឹក នូវវិន័យសណ្តាប់ធ្នាប់ របស់កងយោធពលខេមរភូមិន្ទ សភាពការណ៍នយោបាយជាតិនិងអន្តរជាតិ ព្រមទាំងលើកឡើងអំពីគំនិតទុច្ចរិត របស់ក្រុមក្បត់ជាតិ ដែលមានទណ្ឌិត សម រង្សី ជាមេចលនាបះបោរ និងមានជនបរទេសនៅពីក្រោយ តែងតែញុះបង្កចលាចល បំផ្លាញសុខសន្តិភាពក្នុងសង្គមកម្ពុជា,បន្ទុចបង្អាក់នូវការអភិវឌ្ឍន៍ជាតិ ជាពិសេស តែងតែលាបពណ៌រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត ដើម្បីបោកបញ្ឆោតពលរដ្ឋស្លូតត្រង់ឈានទៅរកការធ្វើបដិវត្តពណ៌ បម្រើឲ្យមហិច្ឆិតាជនបរទេស។ ថ្មីៗនេះទៀតសោត ទណ្ឌិត សម រង្សី បានញុះញង់ម្តងហើយៗម្តងទៀត ប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលប្រសូត្រចេញពីការបោះឆ្នោត ពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញនគរ។ ការញុះញង់នេះ ក៏ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះការអំពាវនាវរបស់ ទណ្ឌិត សម រង្សី។
ព្រមជាមួយគ្នានោះ អាវុធហត្ថរាជធានីភ្នំពេញទាំងអស់បានសម្តែងនូវ ការគាំទ្រពេញទំហឹង ចំពោះការថ្កោលទោស របស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅលើសម្តីញុះញង់របស់ទណ្ឌិត សម រង្សី និងបាន ប្រកាសត្រៀមខ្លួនជាស្រេច រងចាំទទួល គ្រប់បទបញ្ជា របស់នាយឧត្តមសេនីយ៍ ប្តេជ្ញាការពារដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ ជានាយករដ្ឋមន្ត្រី ដែលបង្កើតឡើងតាមរយៈការបោះឆ្នោតទូទាំងប្រទេស៕