មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានការតែងតាំងជាឧត្តមសេនីយ៍ផ្កាយ១ លើកដំបូង!

47

នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធី ប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហានរបស់ខ្លួន ចំនួន២៣រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសំណាក់ មេបញ្ជាការរងនិងស្នងការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាលរងរាជធានីភ្នំពេញ ស្ថាប័នតុលាការ អយ្យការអមសាលាដំបូង ស្នងការរង នគរបាលរាជធានីភ្នំពេញ ប្រធាន អនុប្រធានមន្ទីរស្ថាប័ន ជុំវិញរាជធានី អភិបាលនៃគណៈអភិបាលខណ្ឌ និងអធិការខណ្ឌទាំង១២ នៃរាជធានីភ្នំពេញផងដែរ។ ក្នុងឱកាសថ្ងៃនេះ នាយអាវុធហត្ថរាជធានីភ្នំពេញ ០៤រូបត្រូវបានប្រកាសតែងតាំង ជាមេបញ្ជាការរងថ្មី និងតម្លើង ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ផ្កាយ១ ចំនួន១៩រូប។ នេះជាលើកដំបូងហើយ ដែលមេបញ្ជាការរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានតម្លើងឋានន្តរស័ក្តិជាថ្នាក់ឧត្តមសេនីយ៍ ហើយការតម្លើងឋានន្តរស័ក្តិនៅថ្ងៃនេះ គឺកើតឡើងពីការសម្រេចស្នើសុំ ប្រកបដោយការយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ របស់នាយទាហាន ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈកាលកន្លងមក។ តាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ការទទួលបាននូវជំនឿទុកចិត្តដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំ ប្រគល់ឲ្យនូវមុខងារនិងឋានន្តរស័ក្តិ នៅថ្ងៃនេះ ក៏ជាបន្ទុកមួយបន្ថែមទៀត សម្រាប់សាមីខ្លួន ត្រូវតែយកចិត្តទុកដាក់ អនុវត្តនូវតួនាទីភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ប្រកបដោយឆន្ទៈស្មោះត្រង់ ក្លាហាន គោរពវិន័យ គោរពបទបញ្ជា។


មានមតិសំណេះសំណាលក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ក៏បានចូលរួមសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផល ក៏ដូចជាស្ថាដៃទាំងឡាយ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមក ហើយឯកឧត្តមក៏បានផ្តាំផ្ញើ ឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តការខិតខំអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់នូវរាល់បទល្មើសក្នុងសង្គម រក្សាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានមានប្រសាសន៍សំណេះសំណាលអបអរសាទរ ដល់នាយអាវុធហត្ថដែលទើបទទួលមុខតំណែង និងឋានន្តរស័ក្តិថ្មីនៅថ្ងៃនេះ ហើយឯកឧត្តម នាយឧត្តមសេនីយ៍ ក៏អបអរសាទរព្រមជាមួយគ្នា ជូនចំពោះ ឯកឧត្តម ឃួង ស្រេង ដែលទើបបានទទួលតំណែងថ្មី ជាអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ជំនួសឯកឧត្តម ប៉ា សុជាតិវង្ស។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏ផ្តាំផ្ញើផងដែរថាការតម្លើងឋានន្តរសក្តិនៅក្នុង កងយោធពលខេមរភូមិន្ទ ត្រូវបានកំណត់ដោយច្បាប់ លក្ខ័ន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ ហើយការផ្តល់ឋានៈតួនាទី ដល់នាយអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃនេះ គឺមិនមែនធ្វើឡើងដោយមិនមានការ ត្រិះរិះពិចារណាម៉ត់ចត់នោះទេ គឺធ្វើឡើងស្របទៅតាម គុណសម្បត្តិ ការអប់រំ និងបទពិសោធន៍ របស់អ្នកគ្រប់គ្នា ដូច្នេះត្រូវយកឋានៈតួនាទីនេះ ទៅបំរើប្រជាពលរដ្ឋឲ្យបានល្អ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម បំពេញតួនាទីភារកិច្ចរបស់ខ្លួនទៅតាមច្បាប់ និងគោរពសិទ្ធមនុស្ស។