យោងតាមអនុក្រឹត្យលេខ ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពី ភារកិច្ច និង រចនាសម្ព័ន្ធទូទៅ នៃកងរាជអាវុធហត្ថ យើងឃើញថាកងរាជអាវុធហត្ថមានលក្ខណៈពិសេសមួយចំនួនដូចជា៖
1- កងរាជអាវុធហត្ថត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។
2- កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់ និងមានសមត្ថកិច្ចអនុវត្តពេញផ្ទៃប្រទេសទាំងមូល ទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ព។
3- កងរាជអាវុធហត្ថមានភារកិច្ចសំខាន់៣គឺ៖
ភារៈកិច្ចសំខាន់ទី១៖
រ៉ាប់រងសកម្មភាពខាងប៉ូលីសរដ្ឋបាលដូចជា៖
– រក្សាសុវត្ថិភាព និង សណ្តាប់ធា្នប់សាធារណៈ
– រ៉ាប់រងឲ្យមានការគោរពច្បាប់ និង បទបញ្ជាទាំងឡាយ
– ផ្តល់ព័ត៌មាន និង ជួយសង្គ្រោះពលរដ្ឋស៊ីវិល
ក្នុងក្របខណ្ឌនៃភារកិច្ចនេះ កងរាជអាវុធហត្ថអនុវត្តតាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អាជ្ញាធររដ្ឋបាលមានសមត្ថកិច្ច។
ភារកិច្ចសំខាន់ទី២៖
រ៉ាប់រងសកម្មភាពខាងប៉ូលីសតុលាការដូចជា៖
– ពិនិត្យកត់ត្រានូវឧក្រិដ្ឋកម្ម និង ទោសកម្ម
– ធ្វើកំណត់ហេតុពីបទល្មើស
– ប្រមូលផ្តុំភស្តុតាងផ្សេងៗ
– ស្រាវជ្រាវរកអ្នកប្រព្រឹត្តបទល្មើស ដើម្បីបញ្ជូនខ្លួនទៅតុលាការ តាមដីកាតុលាការ
– ទទួលបន្ទុកអនុវត្តតាមដីកាផ្ទេរអំណាច ពីចៅក្រមស៊ើបសួរ
ក្នុងក្របខ័ណ្ឌនៃភារកិច្ចនេះ កងរាជអាវុធហត្ថអនុវត្តតាមបញ្ជារបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គការអយ្យការ និង អាជ្ញាធរតុលាការមានសមត្ថកិច្ច ។
ភារកិច្ចសំខាន់ទី៣៖
បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា ដូចជា៖
– ទទួលបន្ទុករក្សាសុវត្ថិភាព និង បំពេញតួនាទីជាកងកិត្តិយស ជាប្រយោជន៍ដល់ស្ថាប័នរាជរដ្ឋាភិបាល និង អាជ្ញាធរជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា
– ការពារទីតាំងយោធា
– កិច្ចការប៉ូលីសយោធា នៅក្រៅនិងក្នុង ទីតាំងកងទ័ព
ក្នុងក្របខ័ណ្ឌនៃភារកិច្ចនេះ កងរាជអាវុធហត្ថ អនុវត្តតាមបញ្ជារបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយអគ្គសេនាធិការកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរយោធាមានសមត្ថកិច្ច។
ក្រៅពីភារកិច្ចសំខាន់ទាំង៣ខាងលើ កងរាជអាវុធហត្ថក៏មានភារកិច្ចផ្សេងទៀតដែរ គឺផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំ តាមសេចក្តីត្រូវការជាចាំបាច់។
ដូច្នេះក្នុងនាមជាផ្នែកមួយចំណុះឲ្យអាវុធហត្ថជាតិទាំងមូល អាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមតួនាទីនិងភារកិច្ចដែលមានចែងក្នុងអនុក្រិត្យដូចបានរៀបរាប់ខាងលើ ក្នុងដែនយុត្តាធិការរបស់ខ្លួន។