កងរាជអាវុធហត្ថរាជធានីភ្នំពេញបានយកចិត្តទុកដាក់បំពេញភារកិច្ច បំរើ ការពារ និងសង្គ្រោះ ប្រជាពលរដ្ឋប្រកបដោយឆន្ទៈលះបង់ និងភាពថ្លៃថ្នូរ ឈរលើគុណតម្លៃស្នូល៦យ៉ាងគឺ៖ វិន័យ ស្មោះត្រង់ ប្តេជ្ញា សាមគ្គី គុណធម៌ និងសុជីវធម៌។
វិន័យ
គ្រប់សកម្មភាពនិងឥរិយាបទក្នុងឯកសណ្ឋានការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកាន់ខ្ជាប់នូវវិន័យជានិច្ច។ ដេកមានរបៀប ដើរស្វាហាប់ ឈរត្រង់ខ្លួន អង្គុយមានរបៀប ហូបស្អាត រស់នៅស្អាត ធ្វើការទៀងទាត់ គោរពពេលវេលា។
ឧទាហរណ៍ ពេលកំពុងបំពេញការងារលើដងផ្លូវ អាវុធហត្ថរាជធានីភ្នំពេញ មិនត្រូវបានអនុញ្ញាតឲ្យទទួលយក នំចំណីលុយកាក់ឬទឹកពិសារពីបងប្អូនប្រជាពលរដ្ឋក៏ដូចជាសប្បុរសជនដែលធ្វើដំណើរឆ្លងកាត់ឡើយ ហើយត្រូវឆ្លើយតបទៅកាន់ពួកគាត់ដោយទឹកមុខញញឹមទន់ភ្លន់ថា (សូមអរគុណ ចំពោះទឹកចិត្តសប្បុរសរបស់បងប្អូន តែពួកខ្ញុំកំពុងបំពេញភារកិច្ចមិនអាចទទួលយករបស់ទាំងនេះបានទេ សូមបងប្អូនអធ្យាស្រ័យ)
ស្មោះត្រង់
ក្នុងនាមជាកងទ័ពជាតិខ្មែរ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្មោះត្រង់ដាច់ខាតចំពោះ ប្រទេសជាតិ ចំពោះព្រះមហាក្សត្រ ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ និងចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ខ្លួន និងស្មោះត្រង់ចំពោះមិត្តរួមការងារ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ប្តេជ្ញា
កងរាជអាវុធហត្ថរាជធានីភ្នំពេញប្តេជ្ញា លះបង់កម្លាំងកាយ កម្លាំងចិត្ត បំពេញរាល់ភារកិច្ចឥតមានរុញរាតាមបទបញ្ជាថ្នាក់លើប្រគល់ជូន ប្តេជ្ញាឲ្យខាងតែបានក្នុងការថែរក្សានូវសណ្តាប់ធ្នាប់សង្គម សុខសន្តិភាព សុវត្ថិភាព និងផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់ពេលវេលា។
សាមគ្គី
អាវុធហត្ថរាជធានីភ្នមពេញរស់នៅនិងបំពេញការងារជាមួយគ្នា ប្រៀបដូចជាគ្រួសារតែមួយ ចេះជួយទុក្ខធុរៈគ្នា សាមគ្គីគ្នាជាធ្លុងមួយ តាមមាគ៌ាដឹកនាំរបស់មេបញ្ជាការ និងមានកិច្ចសហប្រតិបត្តការល្អជាមួយស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត។
គុណធម៌
អាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតួនាទីភារកិច្ច បំរើ ការពារ និងសង្គ្រោះ ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដោយទឹកចិត្តបរិសុទ្ធ សណ្តោសប្រណី គោរព ស្រឡាញ់ គិតដល់ផលប្រយោជន៍ និងសុខទុក្ខរបស់ពួកគាត់ជាអទិភាព។
សុជីវធម៌
អាវុធហត្ថរាជធានីភ្នំពេញប្រកាន់ខ្ជាប់នូវកិរិយាមាយាទទន់ភ្លន់និងមានសណ្តាប់ធ្នាប់ល្អ មានការគួរសមក្នុងកិច្ចប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃ ជាពិសេសជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមកទំនាក់ទំនងការងារ អាវុធហត្ថរាជធានីភ្នំពេញ តែងតែទទួលរាក់ទាក់ដោយពាក្យសម្តីឱនលំទោនប្រកបដោយស្និតស្នាល។