លោកឧកញ៉ា ឫទ្ធី រស្មី និង លោកឧកញ៉ា រស់ ឌីណែត ប្រគល់ រថយន្តសារ៉ែន២គ្រឿង និងអង្ករចំនួន២តោន ជូនមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និង អាវុធហត្ថខណ្ឌសែនសុខ!

3

រថយន្តសារ៉ែន២គ្រឿង និងអង្ករចំនួន២តោន ដែលជាអំណោយឧបត្ថម្ភរបស់ លោកឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group និង លោកឧកញ៉ា រស់ ឌីណែត ត្រូវបានប្រគល់ជូន មូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរគឺ អាវុធហត្ថខណ្ឌព្រែកព្នៅ និង អាវុធហត្ថខណ្ឌសែនសុខ ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព ជាពិសេសរថយន្តសារ៉ែនទាំងពីរគ្រឿង ជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ រួមចំណែកលើការងារចុះប្រតិបត្តិការពារសន្តិសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជា ការបង្រ្កាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ពិធីនេះប្រព្រឹត្តទៅនៅមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២០។ក្នុងឱកាសនោះ លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំងពីរ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ លោកឧញ៉ាទាំងពីរ ដែលមានទឹកចិត្តស្រលាញ់គាំទ្រអាវុធហត្ថ និងចូលរួមឧបត្ថម្ភ ដូចខាងលើនេះ៕