ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពេញសំណូមពរស្ត្រីពិការភ្នែក

23

នៅរសៀលថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញតាមសំណូមពរស្ត្រីឈ្មោះ ស៊ុន សុខុម អាយុ៤០ឆ្នាំ រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានបំណងចង់ជួបមុខឯកឧត្តម បន្ទាប់ពីធ្លាប់បានងងឹតភ្នែកមើលមិនឃើញជាយូរឆ្នាំមក ហើយត្រូវបានឯកឧត្តម រ័ត្ន ស្រ៊ាង យកចិត្តទុកដាក់បញ្ជូនបងស្រីទៅពិនិត្យព្យាបាលវះកាត់ រហូតដល់មើលឃើញពន្លឺថ្ងៃឡើងវិញ ។
នេះជាថ្ងៃទី១ហើយដែលបងស្រី ស៊ុន សុខុម បានឃើញមុខឯកឧត្តម រ័ត្ន ស្រ៊ាង ដោយផ្ទាល់ ដែលមុនៗបងស្រីធ្លាប់បានស្គាល់ឯកឧត្តមត្រឹមតែសម្លេងប៉ុណ្ណោះ ព្រោះបងស្រីមើលមិនឃើញ ។ ក្នុងខណៈពេលជួបសំណេះសំណាលជាមួយឯកឧត្តម រ័ត្ន ស្រ៊ាង បងស្រីកាន់តែទទួលបាននូវក្តីរំភើបរីករាយយ៉ាងខ្លាំងបន្ថែមទៀត ដោយមិនត្រឹមតែទទួលបានការជួយយកចិត្តទុកដាក់ នាំបងស្រីទៅពិនិត្យព្យាបាលភ្នែកទាំងសងខាងឲ្យមើលឃើញវិញប៉ុណ្ណោះទេ ឯកឧត្តម រ័ត្ន ស្រ៊ាង បានសន្យាជួយទំនុកបម្រុងបងស្រី នូវថវិកាម្ភៃម៉ឺនរៀលនិងអង្ករពីរការ៉ុងជារៀងរាល់ខែដោយគិតចាប់ពីថ្ងៃនេះតទៅផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសំដែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំងដូចគ្នា ពេលបានជួយដល់បងស្រីដែលធ្លាប់តែងងឹតសូន្យសុង ឲ្យមកឃើញពន្លឺថ្ងៃឡើងវិញយ៉ាងដូច្នេះ ហើយការជួយឧបត្ថម្ភ អង្ករពីរការ៉ុងនិងថវិកាម្ភៃម៉ឺនរៀល ជូនបងស្រីជារៀងរាល់ខែនេះ ទោះបីវាមិនច្រើនក៏ពិតមែន តែឯកឧត្តមសង្ឃឹមថាវាអាចជួយរំលែកការលំបាក ក្នុងការដោះស្រាយជីវភាពបងស្រីមួយកំរិតផងដែរ សូមបញ្ជាក់ថាក្រៅពីបងស្រី ស៊ុន សុខុម ក៏នៅមានគ្រួសារទីទាល់ក្រចំនួន០៩គ្រួសារផ្សេងទៀតដែលឯកឧត្តមតែងតែជួយទំនុកបម្រុងជាប្រចាំខែដូចគ្នា គឺតាំងពីឆ្នាំ២០១០ មកទល់ខែធ្នូ ឆ្នាំ២០១៦នេះ។ ក្នុងនោះមាន៤គ្រួសារនៅខេត្តបន្ទាយមានជ័យ និង៥គ្រួសារនៅរាជធានីភ្នំពេញ ហើយបងស្រី ស៊ុនសុខុម គឺជាគ្រួសារទី១០ ។ ឯកឧត្តម រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្ថែមថា ឆ្នាំមុនឯកឧត្តម ក៏ធ្លាប់មានក្តីរំភើបខ្លាំងយ៉ាងដូច្នេះដែរ ដោយឯកឧត្តមបានខ្នះខ្នែងជួយឧបត្ថម្ភបងស្រីកើតទាចទឹកធ្ងន់ធ្ងរម្នាក់ ទៅស្វែងរកការព្យាបាលរហូតបានជាសះស្បើយមានកម្លាំងធ្វើការបានដូចធម្មតាវិញ។
ក្រោយពីសំណេះសំណាលចប់ ឯកឧត្តម រ័ត្ន ស្រ៊ាង បានប្រគល់អំណោយសម្រាប់ខែធ្នូឆ្នាំ២០១៦រួមមានថវិកា២០ម៉ឺនរៀល, អង្ករ២ការ៉ុង, ទឹកសុទ្ធ២កេស, បាកាស២កេស, ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ជូនដល់បងស្រី ស៊ុន សុខុម និងចាត់ឲ្យក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញយករថយន្តជួយដឹកអំណោយនិងជូនបងស្រីទៅដល់គេហដ្ឋានផ្ទាល់តែម្តង។