ពាក្យចាស់លោកពោលថា មិត្តល្អជួយគ្នាក្នុងគ្រាក្រលំបាក បើយើងគ្រាន់តែចេះសុភាសិត តែមិនបានយកមកអនុវត្ត ក៏មិនចាត់ទុកថាជាល្អដែរ!
ដោយឡែកអតីតសិស្សរួមជំនាន់សាលាបាក់ទូកមួយក្រុម បានប្រមូលផ្តុំគ្នាជាង២០០នាក់តាមរយៈការចងក្រងជាក្រុមក្នុង បណ្តាញទំនាក់ទំនងសង្គម ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែមានសកម្មភាពរួបរួមជួយគ្នាក្នុងគ្រាក្រលំបាកមិនដែលមានខកខានម្តងណាឡើយ ជាច្រើនលើកច្រើនសារមកហើយ ពួកគាត់តែងខ្នះខ្នែងជួយដល់មិត្តភក្តិដែលធ្លាប់រៀនជាមួយគ្នា ជួយដល់អតីតលោកគ្រូអ្នកគ្រូដែលធ្លាប់អប់រំទូន្មានប្រៀន ប្រដៅផ្តល់ចំណេះដឹងដល់ពួកគាត់ និងជួយកសាងអភិវឌ្ឍន៍សមិទ្ធិផលមួយចំនួនក្នុងសាលារៀនដែលពួកគាត់ធ្លាប់បាន ទៅជ្រោកកោនក្រេបជញ្ជក់ចំណេះវិជ្ជា ។
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សកម្មភាពដដែលបានកើតឡើងថ្មីទៀត នោះគឺពួកគាត់បានជ្រោមជ្រែងគ្នា នាំយកមិត្តភក្តិម្នាក់ឈ្មោះ ប៉ែន សុខន ដែលមានជម្ងឺតាំងពីខេត្តកំពត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងយក ចិត្តទុកដាក់ ជួយតាមដានសុខទុក្ខគ្នាជាប់ជាប្រចាំប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ហើយនៅរសៀលថ្ងៃនេះដែរក្រុមសិស្សរួមជំនាន់សាលាបាក់ទូកមួយនេះ មានទាំងវត្តមាន អតីតលោកគ្រូគណិតវិទ្យាដ៏ល្បី នៃសាលាបាក់ទូកគឺលោកគ្រូ គុំ ពិន ផងដែរនោះ បាននាំគ្នាទៅសួរសុខទុក្ខមិត្ត ប៉ែន សុខន ដល់មន្ទីពេទ្យកាល់ម៉ែត ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយសម្ភារៈ និងថវិកា ៣,៧០៥ដុល្លារ ដែលជាទឹកចិត្តសប្បុរស របស់មិត្តរួមជំនាន់ រួមគ្នាបរិច្ចាគតាមលទ្ធភាពផងដែរ។