គោរពតាមសន្យា ថវិកា៤,០០០,០០០ រៀល បានជូនដល់ដៃស្ត្រីរងគ្រោះ!

20

រឿងគួរឲ្យអាណិតអាសូរ ដែលស្ត្រីមេម៉ាយកូន២ ទុរគត់ទីទាល់ក្រម្នាក់ ត្រូវគេបាញ់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បណ្តាលឲ្យធ្លាយពោះ ដាច់ពោះវៀនធំ និងបានចោះពោះដាក់ទុយោបង្ហូរ លាមកចេញមកក្រៅដាក់ថង់ ។

ហើយជនល្មើសក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញតាមបង្ក្រាបបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ បញ្ជូនទៅតុលាការដើម្បី ផ្តន្ទាទោសតាមច្បាប់។

ដោយក្តីអាណិតអាសូរជាពន់ពេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារបានចុះសួរសុខទុក្ខ ស្ត្រីក្រីក្ររងគ្រោះនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ជួយឧបត្ថម្ភជាសម្ភារៈថវិកា និងសន្យាបង្កើតមុខរបរលក់ទឹកអំពៅឲ្យដល់ ស្ត្រីទីទាល់ក្រនេះតាមសំណូមពរសាមីខ្លួន នៅពេលណាដែលបានជាសះស្បើយ ដោយឯកឧត្តម រ័ត្ន ស្រ៊ាង នឹងទិញធុងគាបទឹកអំពៅស្វ័យប្រវត្តឲ្យ។

មកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ត្រីក្រីក្ររងគ្រោះ បានធូរស្រាលពីរបួសនិងចេញពីមន្ទីរពេទ្យ ក៏បានមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលយកថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចំនួន ៤,០០០,០០០ រៀល ដើម្បីយកទៅដោះស្រាយជីវភាពបណ្តោះអាសន្ន ក្នុងអំឡុងពេលរបួសរងចាំការវះកាត់ តភ្ជាប់ពោះវៀនវិញចន្លោះពេលពី ៤ទៅ៦ខែទៀត។ សូមជូនពរឲ្យប្អូនស្រីរងគ្រោះ បានជាសះស្បើយឆាប់ៗ!