កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះប្រចាំឆមាសទី២ ឆ្នាំ២០២៣!

2

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ព្រមជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឱ្យមានកម្មវិធីប្រលងកាយសម្បទា នេះឡើង គឺដើម្បីជាការជម្រុញទឹកចិត្តកងកម្លាំងឱ្យប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងគ្នា។

ជាក់ស្តែងនៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៣នេះ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រលងកាយសម្បទាប្រចាំឆមាសទី២ ឆ្នាំ២០២៣ នៅក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយភាពស្វាហាប់៕